ពិធីក្រុងពលីបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បន្ទាយមានជ័យ៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែត មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានរៀបចំពិធីក្រុងពលីបញ្ចុះបឋមសីលាបុកគ្រឹះ សាងសង់អគារសិក្សា១ខ្នង មាន១០បន្ទប់ នៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសិក្សាថ្មី កំពស់២ជាន់ មាន១០បន្ទប់ ដំបូលក្បឿង និងមានសមទ្ធផលផ្សេងៗដូចជាចាក់បេតុង និងរៀបចំសួននៅក្នុងបរិវេណសាសាបឋមសិក្សាហ៊ុនសែន វត្តថ្មីនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ អគារថ្មីកំពស់២ជាន់ មាន១០បន្ទប់នេះ គឺជាសមទ្ធិផលថ្មីមួយបន្ថែមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ដែលកន្លងមកនៅសាលាបឋមសិក្សា ហ៊ុន សែនវត្តថ្មីនេះ សម្តេចបានកសាងអគារជូនសិស្សានុសិស្សឲ្យបានសិក្សាកន្លងមក ហើយនៅពេលនេះ ដើម្បីឲ្យសមស្របតាមកំណើនរបស់សិស្សានុសិស្ស សម្តេចបានផ្តល់នូវចំណងដៃថ្មីមួយទៀតហើយ ដែលជាការគិតគូរដ៏ខ្ពង់ខ្ពស់ លើ ការ អប់រំ ដើម្បី កូនៗចៅៗទទួលបាននូវចំណេះដឹងឲ្យក្លាយជាធនធានមនុស្សល្អប្រសើរទៅថ្ងៃអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ មិត្តល្អ ឲ្យក្លាយជាមនុស្សប្រកបដោយធនធានចំណេះដឹង ចំណេះធ្វើ ដើម្បីជីវភាពគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ៕