កិច្ចប្រជុំពិភាក្សា ស្តីពីគោលនយោបាយ និងការវាយតម្លៃសុខភាពកុមារ និងបរិស្ថានជាមួយ គណៈប្រតិភូ អង្គការយូនីសេហ្វ និងម្ចាស់ជំនួយមូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយលោកវេជ្ជបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី Brooke Jaime Grove នាយិកាអង្គការយូនីសេហ្វប្រចាំសហរដ្ឋអាមេរិក និងប្រតិភូតំណាងអង្គការយូនីសេហ្វសកល ព្រមទាំងម្ចាស់ជំនួយមូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញ និងពិភាក្សាអំពីលទ្ធផលដំណើរទស្សនកិច្ចសិក្សា លើការគាំទ្ររបស់ មូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក ដល់វិស័យសុខាភិបាលតាមរយៈអង្គការយូនីសេហ្វ នាពេលកន្លងមក។ ដំណើរទស្សនកិច្ចនេះផ្តល់ឱកាសឱ្យមូលនិធិបានឃើញដោយផ្ទាល់នូវកិច្ចសហការរវាងអង្គការយូនីសេហ្វកម្ពុជា និងរដ្ឋាភិបាលលើគំនិតផ្តួចផ្តើមសុខភាពបរិស្ថាន និងកុមារ ដោយលើកឡើងពីសមិទ្ធិផលសំខាន់ៗដូចជាការគាំទ្រគោលនយោបាយ និងការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ព្រមទាំងដើម្បីពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាមួយនឹងកំណត់តំបន់សម្រាប់ការគាំទ្របន្តដើម្បីកែលម្អសុខភាពកុមារ និងបរិស្ថាន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូខាងលើ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ ពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ខណៈដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកបំពេញទស្សនកិច្ចសិក្សាដោយផ្ទាល់នៅតាមមូលដ្ឋានសុខាភិបាលគោលដៅ ដោយផ្តោតទៅលើ សុខភាពទារក កុមារ និងសុខភាពបរិស្ថាន រួមទាំងកត្តាប្រឈមនានា។
ជាការឆ្លើយតប ប្រតិភូតំណាងអង្គការយូនីសេហ្វសកល និងម្ចាស់ជំនួយមូលនិធិ Clarios Foundation, Inc. សហរដ្ឋអាមេរិក បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងប្រសិទ្ធភាព នៃការផ្តល់សេវា សុខាភិបាលនៅថ្នាក់មូលដ្ឋាន ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជាពិសេសបានចាប់អារម្មណ៍ចំពោះការបំពេញកិច្ចការងារជាក្រុម របស់អ្នកវិជ្ជាជីវៈសុខាភិបាល ក្នុងការព្យាបាលមើលថែទារក។ ម៉្យាងវិញទៀត ប្រតិភូក៏បានកត់សម្គាល់អំពីសារៈសំខាន់ នៃការដឹកនាំ ការកែទម្រង់ ប្រកបដោយប្រសិទ្ធភាព សក្ខ័សិទ្ធភាព និងចីរភាព ជាពិសេសចំពោះសុខភាពបរិស្ថានសម្រាប់កុមារ ដែលជាការចូលរួមពីអន្តរក្រសួង និងដៃគូជាច្រើនផងដែរ។
បន្ថែមពីនេះទៀត ការពង្រឹងនិយ័តកម្ម នៃការចូលរួមទាំងវិស័យសាធារណៈ និងឯកជន ដើម្បីសុខភាពពលរដ្ឋតែមួយ គឺជាយន្តការមិនអាចខ្វះបាន ដែលតម្រូវឱ្យមាន គោលនយោបាល និងផែនការសកម្មភាព ការចុះអនុវត្ត និងការតាមដានម៉ត់ចត់ ដើម្បីធានានូវសង្គតភាព និងការរក្សានូវបរិយាប័ន្ន ក្នុងការទទួលខុសត្រូវចំពោះមុខសុខភាពប្រជាពលរដ្ឋ(Enhance, Reinforce and Regulate both Public and Private Sector through accountable and ethical actions towards people’s well-being)។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសាទរចំពោះការផ្តល់នូវការចាប់អារម្មណ៍ល្អៗ និងមតិយោបល់បន្ថែម ដែលការនេះស្របទៅនឹងការប្តេជ្ញាជាអាទិភាពរបស់វិស័យសុខាភិបាល និងការអនុវត្តយ៉ាងម៉ត់ចត់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំពោះការពង្រឹងសេវាសុខាភិបាលមូលដ្ឋាន ក្រមសីលធម៌ប្រតិបត្តិវិជ្ជាជីវៈ និងការចូលរួមជាអន្តរវិស័យ និងដៃគូច្រើនក្នុងក្របខណ្ឌសុខភាពបរិស្ថាន និងកុមារ។