២សប្តាហ៍ចុងក្រោយនេះ ករណីល្បែងស៊ីសងចេះតែថយចុះគួរឱ្យកត់សម្គាល់!

 

២សប្តាហ៍ចុងក្រោយនេះ ករណីល្បែងស៊ីសងចេះតែថយចុះគួរឱ្យកត់សម្គាល់!

ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ករណីល្បែងស៊ីសងនៅទូទាំងប្រទេស មានការថយចុះជាលំដាប់ ពោលគឺមានមិនដល់១០ករណីនោះឡើយ។ នេះបើតាម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការថយចុះនេះ បើតាម បណ្ឌិត ទូច សុឃៈ គឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលដាក់ចេញវិធានការយ៉ាងមុឺងម៉ាត់បំផុត ជំរុញឱ្យផ្នែកពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ បង្កើននូវការអប់រំផ្សព្វផ្សាយគ្រប់រូបភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបករណីល្បែងសុីសងខុសច្បាប់។

លោកបណ្ឌិត បានបន្ថែមថា”ជាប្រការមិនអាចមើលរំលងបាន គឺការយកចិត្តទុកដាក់បំពេញតួនាទី និងទទួលអនុវត្តបទបញ្ជាប្រកបដោយឆន្ទៈរបស់អាជ្ញាធរ និងកងកម្លាំងនៅតាមមូលដ្ឋាន ដោយក្នុងនោះក៏មានការរួមចំណែកល្បាត និងផ្ដល់ព័ត៌មានពីក្រុមប្រជាការពារផងដែរ”។

ការដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ គឺជាការងារអាទិភាពមួយក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន រួមទាំងនគរបាលជាតិ យកចិត្តទុកដាក់អនុវត្ត ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា។

សឹងតែគ្រប់វេទិកាសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមអភិសន្តិបណ្ឌិត បានអំពាវនាវប្រជាពលរដ្ឋកុំលេងល្បែងស៊ីសង ទាំងល្បែងកន្ទុយលេខ បៀ អាប៉ោង ជល់មាន់ និងល្បែងភ្នាល់ផ្សេងៗ ពីព្រោះទង្វើនេះមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ វាក៏នាំឱ្យខាតពេលវេលា បាត់សុភមង្គលគ្រួសារ និងនាំឱ្យមានអំពើលួច ឆក់ ប្លន់ផងដែរ៕