មេឈ្មួញឈ្មោះ នាយសង្ហា ធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្មចែកចាយតាមបណ្តាខេត្ត និងយកចេញទៅលក់នៅវៀតណាម
ខេត្តមណ្ឌលគិរី៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី ថា ឈ្មួញឧក្រិដ្ឋកម្មដឹកជញ្ជូនព្រៃឈើឈ្មោះ ម៉េត ហៅនាយសង្ហា បានធ្វើសកម្មភាពយ៉ាងសកម្មរៀងរាល់យប់ ក្នុងការដឹកជញ្ជូនឈើតាមរថយន្តស៊ាំយ៉ុង ចែកចាយតាមបណ្តាខេត្តជាប់ព្រំប្រទល់ដូចជា ក្រចេះ ត្បូងឃ្មុំ និងបន្តទៅលក់នៅព្រំដែនវៀតណាម បានយ៉ាងរលូន គ្មានបង្កការរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ…។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងបន្តថា ជាក់ស្ដែង កាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ គេសង្កេតឃើញរថយន្តស៊ាំយ៉ុងចំនួន៣គ្រឿងដែលគេដឹងថា នាយសង្ហា ជាម្ចាស់ បានធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅចែកចាយនៅខេត្តត្បូងឃ្មុំ ដោយឆ្លងកាត់តំបន់ស្នាក់ការសមត្ថកិច្ចជាច្រើនកន្លែងបានយ៉ាងរលូន ហាក់ដូចជាមិនមានការរំខានដល់កម្លាំងសមត្ថកិច្ចជំនាញទាំងនោះទេ ពោលគឺបារ៉ាសដាក់តាមព្រំទល់ឆ្លងកាត់ភូមិសាស្ត្រពីស្រុកមួយទៅស្រុកមួយ មិនអាចឃាត់រថយន្តស៊ាំយ៉ុងទាំង៣គ្រឿងនោះជាប់ឡើយ តែបើរថយន្តផ្សេងៗបើកឆ្លងកាត់ គឺត្រូវតែឈប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យជានិច្ច។ បន្ថែមលើនេះ ពលរដ្ឋបានឱ្យដឹងបន្តថា ជារៀងរាល់យប់ គេតែងសង្កេតឃើញមានក្រុមរថយន្តសាំយ៉ុងដឹកជញ្ជូនឈើចេញពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកពេជ្រាដា ស្រុកអូររាំង ស្រុកកែវសីមា ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ បន្តដំណើរទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយចេញជាក្បួនពី២ទៅ៣រថយន្តក្នុងមួយយប់ៗ ខណៈតៃកុងដឹកឈើទាំងនោះបើកបរលឿនដូចហោះ និងក៏ឧស្សាហ៍បង្កគ្រោះថ្នាក់ចរាចរកើតឡើងញឹកញាប់ផងដែរ។ ជាមួយគ្នានោះ ពេលក្រុមដឹកឈើចេញប្រតិបត្តិការម្ដងៗ តែងតែមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ ២០៣០ សម្រាប់រត់ការបិទគូទរារាំងនៅពេលមានរថយន្តអ្នកសារព័ត៌មានដេញប្រមាញ់តាមថតផងដែរ។
ចំណែកប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិ ក្នុងមូឡដ្ឋានស្រុកខាងលើ បានស្នើសុំយ៉ាងទទូចដល់ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជួយចុះត្រួតពិនិត្យមើលកូនចៅក្រោមឱវាទដែលនៅប្រចាំតាមដងផ្លូវ ឱ្យមានវិធានការបង្ក្រាបលើរថយន្តដឹកបទល្មើសព្រៃឈើទាំងអស់នេះផង ដើម្បីជួយថែរក្សាសម្បត្តិធនធានធម្មជាតិ និងគួរមានវិធានការចុះស៊ើបអង្កេតលើមន្ត្រីដែលកូនចៅរបស់លោក ជុំវិញការបើកដៃឱ្យក្រុមឈ្មួញដឹកជញ្ជូនព្រៃឈើក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងរលូនបែបនេះ ថាតើមានអាថ៌កម្បាំងអ្វីនៅពីក្រោយ ការមិនអនុវត្តច្បាប់ទៅលើក្រុមឧក្រិដ្ឋកម្មព្រៃឈើដូចជាក្រុម នាយសង្ហានេះ..? ឬមួយក៏ដូចពាក្យប្រជាពលរដ្ឋលើកឡើងថា កូនចៅរបស់លោក នាំគ្នាប្រព្រឹត្តិបទល្មើសជាមួយក្រុមឈ្មួញ ដោយការយកលុយក្រោមតុសម្រាប់ទុកជូនមេៗ បានជាពួកគេមិនអនុវត្តច្បាប់ព្រោះមានមេៗនៅខាងលើជាខ្នងបង្អែករួចជាស្រេចទៅហើយ..៕